Apple កំពុងសម្ងំផលិតឧបករណ៍បត់អេក្រង់ សម្រាប់លក់ឆ្នាំ២០២៦ ឬ ២០២៧

[ទីផ្សារបរទេស] ឧបករណ៍បត់អេក្រង់ដំបូងគេរបស់ Apple អាចនឹងបង្ហាញវត្តមាននៅឆ្នាំ២០២៦ ឬឆ្នាំ២០២៧។ នេះបើតាមដំណឹងថ្មីដែលមានប្រភពចេញពីប្រទេសកូរ៉េខាងត្បូង។ អេក្រង់ខាងក្នុងរបស់ឧបករណ៍នេះអាចមានទំហំប្រមាណ ៧ ទៅ ៨ អ៊ីញ ហើយវាអាចនឹងចូលមកជំនួស iPad mini នៅក្នុងសែស្រឡាយផលិតផលរបស់ Apple។ យ៉ាងណា លក្ខណៈសម្បត្តិ នៃឧបករណ៍នេះ មិនទាន់ត្រូវបាន Apple សម្រេចនៅឡើយទេ។ បន្ថែមពីនេះ Apple ក៏កំពុងតែធ្វើតេស្ត iPad mini ជំនាន់ថ្មីជាមួយអេក្រង់ OLED ផងដែរ។ នៅចុងឆ្នាំនេះដែរ Apple គ្រោងដាក់អេក្រង់ OLED លើត្រកូល iPad Pro។ នៅអំឡុងឆ្នាំ២០២៨ ខាងមុខឯណោះ Apple អាចនឹងប្រកាសចេញឧបករណ៍បត់អេក្រង់ទំហំ ២០,៥អ៊ីញ ដែលអាចនឹងជា iPad ឬជា Mac៕